ប៉ូលីសខេត្តសៀមរាបបើកការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យ ០១ នាក់ ភ្លាមៗ ពាក់ព័ន្ធករណីឃាតកម្មលើក្មេងប្រុសម្នាក់ នៅស្រុកប្រាសាទបាគង 

សៀមរាប៖បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ និងពាក្យបណ្តឹង ករណីបាត់ខ្លួនក្មេងប្រុសអាយុត្រឹមតែ៥ ឆ្នាំ ក្នុងភូមិត្រាង ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងដោយអនុវត្ត តាមបទបញ្ជា ដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងមានកិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប កម្លាំងផែននគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងនគរបាលស្រុកប្រាសាទបាគង បានបើកការស្រាវជ្រាវ យ៉ាងម៉ត់ចត់ រហូតកំណត់បង្ហាញបានថា ករណីនេះ មិនមែនជាករណីបាត់ខ្លួនឡើយ តែជាករណី ឃាតកម្ម ដោយនគរបាលជំនាញព្រហ្មទណ្ឌយើង បានកំណត់ អត្តសញ្ញាណ ជនសង្ស័យបាន គឺឈ្មោះ ឆេន សុខ អាយុ ២៨ ឆ្នាំ មុខរបរស៊ីឈ្នួលបើករថយន្តស្ទួច ទីកន្លែងកំណើតភូមិព្រៃទួល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ទីលំនៅបច្ចុប្បន្នភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប(ជាអតីតបងថ្លៃរបស់ ឪពុកម្តាយ សព) នឹងបានធ្វើការនាំខ្លួនមុខសញ្ញា ខាងលើ មកសាកសួរចម្លើយ តាមនីតិវិធី ។

យោងតាមចម្លើយសារភាព របស់ជនសង្ស័យ បានរៀបរាប់ថា ខ្លួនពិតជាបានបោកបញ្ឆោតកុមារ នាំទៅតំបន់ដាច់ស្រយាលក្នុងវាលស្រែ បន្ទាប់មកប្រើកាំបិតចាក់ និងអារ កសម្លាប់យ៉ាងព្រៃផ្សៃ រហូតបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ មូលហេតុមិនគួរឲ្យជឿ គឺកើតចេញពីការខឹងសម្បារ និងគំនុំផ្ទាល់ខ្លួន ដោយជនសង្ស័យអះអាងថា ម្តាយសពបានបង្ហាញរឿងសម្ងាត់របស់ខ្លួនទៅប្រពន្ធ បណ្តាលឲ្យគ្រួសារខ្លួនបែកបាក់ ហើយគំនុំតូចមួយនេះ បានបម្លែងទៅជាអំពើឃាតកម្ម ដ៏អាក្រក់បំផុតនេះ។ សាកសព ត្រូវបានជនដៃដល់ យកទៅលាក់ក្នុងប្រឡាយមួយមានព្រៃល្បាស់ ប្រហែល ១០០ម៉ែត្រ ខាងត្បូវផ្លូវគ្រួសក្រហមមានបង្កោលភ្លើង (ធំ) បត់ចេញពីផ្លូវកែវសារ៉ាន់ ស្ថិតនៅភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ជាមួយគ្នានេះ យើងបានធ្វើតេស្តរកសារធាតុញៀន លើជនសង្ស័យខាងលើ ជាលទ្ធផល អវិជ្ជមាន។

-វត្ថុតាងសំខាន់ៗ ដែលដកហូតបាន រួមមាន ម៉ូតូ០១ គ្រឿង និងទូរស័ព្ទដៃ០១ គ្រឿង។

ជនសង្ស័យករណីឃាតកម្ម គិតទុកជាមុននេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញយើង កសាងសំណុំរឿង បញ្ជូនទៅតុលាការ នៅថ្ងៃទី១៦ ខែមេសា នេះ ដើម្បីចាត់ការផ្តន្ទាទោសជនល្មើស តាមផ្លូវច្បាប់។

Leave a Reply

Your email address will not be published. Required fields are marked *