
នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICE) លោក សុខ ធា អគ្គទីប្រឹក្សាស្ថានទូត និងជាតំណាងរបស់ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូត អមដោយលោកស្រី អ៊ុន ពិសី លេខាធិការទី២ បានចូលរួមក្នុងកម្មវិធីផ្នែករាយការណ៍នៃកម្មវិធីការផ្លាស់ប្តូរតម្រង់ទិសអ្នកនយោបាយវ័យក្មេងកម្ពុជា-ជប៉ុន «Reporting Session of Cambodia-Japan Young Politics-Oriented Exchange» តាមរយៈ JENESYS2025។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីតំណាងពីក្រសួងការបរទេសជប៉ុនអញ្ជើញ។

ថ្លែងក្នុងឱកាសនោះ លោកអគ្គទីប្រឹក្សាបានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឯកអគ្គរាជទូត ដល់អ្នកចូលរួមខ្មែរទាំងអស់។ លោកបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលតែងតែបន្តគាំទ្រឥតងាករ៉េចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា និងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមទាំងការផ្តល់ជំនួយឥតសំណងនាពេល ថ្មីៗដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)។
នៅចុងបញ្ចប់ លោក សុខ ធា បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចប្រកបដោយជោគជ័យរបស់អ្នកចូលរួមរបស់កម្ពុជា តាមរយៈការក្រេបជញ្ជក់ចំណេះដឹងថ្មីៗ និងដកស្រង់បទពិសោធន៍ជាក់ស្តែង និងល្អៗ។ ជាងនេះទៀត លោកក៏បានលើកទឹកចិត្តដល់អ្នកចូលរួមខ្មែរប្រើចំណេះដឹង និងបទពិសោធន៍ដែលទទួលបានទាំងនោះ ដើម្បីរួមចំណែកដល់ការបន្តភាពរីកចម្រើនរបស់កម្ពុជា ព្រមទាំងសង្កត់ធ្ងន់ពីសារៈសំខាន់ក្នុងការបន្តកិច្ចសន្ទនា និងទំនាក់ទំនងគ្នាពេលអញ្ជើញត្រឡប់ទៅកម្ពុជាវិញ។
