
ភ្នំពេញ៖ លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងចែកមួកសុវត្ថិភាព ដែលត្រូវបានរៀបចំឡើងក្រោមការឧបត្ថម្ភពីក្រុមហ៊ុន GANZBERG។ កម្មវិធីនេះបានប្រារព្ធឡើងនៅមុខបរិវេណ ផ្សារទំនើបអ៉ីអនមានជ័យ ស្ថិតលើផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានី ភ្នំពេញ។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌបានលើកឡើងពីសារៈសំខាន់នៃការគោរពច្បាប់ចរាចរណ៍ និងការពាក់មួកសុវត្ថិភាព ពិសេសសម្រាប់អ្នកបើកបរ និងអ្នករួមដំណើរ ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ និងការបាត់បង់ជីវិតនៅលើដងផ្លូវ។ លោកក៏បានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់បង្កើនការយល់ដឹង អនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងចូលរួមថែរក្សាសុវត្ថិភាពសាធារណៈជាអាទិភាព។

ជាមួយគ្នានេះ ការចូលរួមជាអធិបតី និងការគាំទ្រយ៉ាងសកម្មរបស់លោកអភិបាលខណ្ឌ សកម្មភាពនេះក៏បានបង្ហាញពីការយកចិត្តទុកដាក់ជាក់ស្តែងរបស់អាជ្ញាធរមូលដ្ឋាន ចំពោះសុខុមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់។
កម្មវិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ កងកម្លាំងអាជ្ញាធរ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕
