គម្រោងសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញយោធាតេជោសែន ស្ថិតក្នុងខេត្តតាកែវ ដែលសម្រេចបានជិត ១០០%

លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម បានដឹកនាំមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញយោធាតេជោសែន ដែលមានទីតាំងស្ថិតក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។

គិតមកទល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ហើយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ។ យោងតាមរបាយការណ៍បច្ចេកទេស គម្រោងសាង សង់នេះរួមមាន៖ សាងសង់ទំនប់អាងទឹកប្រវែង ១៣០ ម៉ែត្រ និងសាងសង់សំណង់សិល្បការ្យចំនួន ២ កន្លែង។

ក្នុងឱកាសនោះ លោកប្រធាននាយកដ្ឋានបានគូស បញ្ជាក់ថា ទំនប់អាងទឹកនេះមានសារៈសំខាន់ខ្លាំងក្នុងការស្តុកទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងបង្កើនសមត្ថភាពស្រោចស្រពលើផ្ទៃដីដាំដុះដំណាំប្រមាណ ១៥០ ហិកតា ជូនដល់ប្រជាកសិករចំនួន ១១៦ គ្រួសារ។ ជាមួយគ្នានេះ លោកក៏បានណែនាំដល់ក្រុមការងារបច្ចេកទេស ត្រូវយកចិត្តទុកដាក់ខ្ពស់លើបទដ្ឋានបច្ចេកទេស និងគុណភាពសំណង់ ព្រមទាំងជំរុញការងារឱ្យបានចប់សព្វគ្រប់តាមផែនការដែលបានកំណត់ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពល រដ្ឋក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា៕

Leave a Reply

Your email address will not be published. Required fields are marked *