
នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ បងប្អូនប្រជាការពារភូមិប្រមាណជាង ៤០០នាក់ នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប បានទទួលអំណោយជាស្បៀងអាហារពីព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ដែលពិធីនេះមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ចៅអធិការវត្តប្រាសាទគោកចក មានថេរដីកាថា ស្បៀងអាហារដែលបានផ្ដល់ជូននេះ គឺដើម្បីជួយសម្រួលជីវភាពរបស់បងប្អូនប្រជាការពារភូមិក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជាសកម្មភាពសប្បុរសធម៌ និងជាការលើកទឹកចិត្តដ៏សំខាន់ ដើម្បីទទួលស្គាល់ការលះបង់កម្លាំងកាយចិត្ត ក្នុងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់មូលដ្ឋាន និងដើម្បីសម្តែងនូវការដឹងគុណដែលបានខិតខំចំណាយកម្លាំងកាយកម្លាំងចិត្ត ការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន បានមានថេរដីកាបន្តថា កម្លាំងប្រជាការពារពិតជាដើរតួនាទីសំខាន់ សម្រាប់សុខសុវត្ថិភាពពលរដ្ឋ លើសពីនេះកម្លាំងប្រជាការពារ គឺជាអ្នកធ្វើការដោយគ្មានប្រាក់ខែឡើយ ហើយក្នុងរយៈពេលកន្លងមកតែងតែសង្កេតឃើញពីភាពសកម្មរបស់បងប្អូនប្រជាការពារភូមិទាំងអស់ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ បងប្អូនមិនដែលរុញរានឹងការល្បាត ការការពារសុវត្ថិភាពជូនពលរដ្ឋនោះឡើយ ហើយបងប្អូនគឺជា “ភ្នែក និងច្រមុះ” ដ៏សំខាន់បំផុតរបស់អាជ្ញាធរ បើគ្មានការចូលរួមពីបងប្អូនទេ សន្តិសុខនៅក្នុងមូលដ្ឋានក៏មិនអាចរឹងមាំបានល្អដូចសព្វថ្ងៃនេះដែរ។
លោកឧត្តមសេនីយ៍ទោ ហួត សុធី បានមានប្រសាសន៍ថ្លែងកោតសរសើរដោយស្មោះ ចំពោះស្មារតីលះបង់របស់បងប្អូនប្រជាការពារ ដែលជាកម្លាំងជំនួយយ៉ាងសកម្ម និងជិតស្និទ្ធបំផុតជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលក្នុងការរក្សាសន្តិសុខតាមខ្នងផ្ទះប្រជាពលរដ្ឋ ហើយសន្តិសុខ និងភាពសុខសាន្តដែលយើងមានសព្វថ្ងៃ មិនអាចខ្វះបាននូវការចូលរួមចំណែកដោយស្ម័គ្រចិត្តនិងការយាមកាមយ៉ាងសកម្មរបស់បងប្អូននៅតាមមូលដ្ឋាននោះឡើយ។
លោកឧត្តមសេនីយ៍ទោ ហួត សុធី បន្តថា ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ក៏សូមឱ្យបងប្អូនប្រជាការពារទាំងអស់ ត្រូវបង្កើនការល្បាតក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ ជាពិសេសតាមដានមុខសញ្ញាក្មេងទំនើង និងសកម្មភាពលួចឆក់ប្លន់ផ្សេងៗ ខណៈដែលប្រជាពលរដ្ឋជាប់រវល់ទៅវត្តអារាមឬដើរកម្សាន្ត។ ត្រូវជួយណែនាំ និងរំលឹកបងប្អូនអ្នកភូមិ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លើងទៀន ធូប ចង្ក្រាន និងចរន្តអគ្គិសនី ដើម្បីជៀសវាងគ្រោះអគ្គិភ័យដែលអាចកើតឡើងជាយថាហេតុ។
លោកស្នងការក៏បានជំរុញឱ្យកម្លាំងប្រជាការពារ ជួយសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ដើម្បីសម្រួលចរាចរណ៍នៅតាមដងផ្លូវក្នុងភូមិ និងនៅតាមច្រកចូលវត្តអារាម ដើម្បីបង្ការការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ និងត្រូវតាមដាន និងរាយការណ៍ជាបន្ទាន់ជូននគរបាលយុត្តិធម៌ ប្រសិនបើមានការលួចលាក់លេងល្បែងស៊ីសងខុសច្បាប់ដែលបង្កឱ្យមានភាពអសន្តិសុខក្នុងសហគមន៍។ ក្នុងការអនុវត្តភារកិច្ច បងប្អូនត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ រក្សាភាពអត់ធ្មត់ និងប្រើប្រាស់សម្ដីសមរម្យជាមួយប្រជាពលរដ្ឋ។ ក្នុងករណីមានបទល្មើស ឬហេតុការណ៍មិនប្រក្រតីណាមួយកើតឡើង ត្រូវរាយការណ៍មកប៉ុស្តិ៍រដ្ឋបាល ឬអធិការដ្ឋានឱ្យបានឆាប់បំផុតតាមរយៈប្រព័ន្ធទំនាក់ទំនងដែលមាន៕
