
(សៀមរាប)៖ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត និងក្រោមការដឹកនាំផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត សហការជាមួយនគរបាលស្រុកអង្គរជុំ បានចុះស្រាវជ្រាវតាមឃាត់ខ្លួនជនសង្ស័យមុខសញ្ញាចាស់ ២នាក់ បន្ទាប់ពីទទួលបានពាក្យបណ្តឹងករណីលួចកាច់សោម៉ូតូនៅភូមិខាន់ស ឃុំគោល ស្រុកអង្គរជុំ ខេត្តសៀមរាប។
ជនសង្ស័យទាំង ២នាក់ រួមមាន៖ ១- ឈ្មោះ លាន ធី អាយុ ៤១ឆ្នាំ (មុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ ២ឆ្នាំ ពីបទហិង្សា) និង ២- ឈ្មោះ យូ សៀវភិញ អាយុ ៣០ឆ្នាំ (មុខសញ្ញាចាស់ធ្លាប់ជាប់មណ្ឌលកែប្រែ ២ខែ រឿងគ្រឿងញៀន និងមានតេស្តវិជ្ជមានសារធាតុញៀន)។
កម្លាំងជំនាញដកហូតបាន ម៉ូតូ Wave i ពណ៌ស ១គ្រឿង (មធ្យោបាយធ្វើសកម្មភាព), ដែករាងអក្សរ T ចំនួន ១ដើម និងទូរស័ព្ទ ២គ្រឿង។ ចំណែកម៉ូតូ Honda Dream របស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវដកហូតប្រគល់ជូនម្ចាស់ដើមវិញ។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
