លោក ហួត សុធី ស្នងការនគរបាលខេត្ត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារសណ្តាប់ធ្នាប់ និងពង្រឹងការងារចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងភូមិសាស្ត្រ

សៀមរាប ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារសណ្តាប់ធ្នាប់ និងពង្រឹងការងារចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ដោយបានការអញ្ជើញចូលរួមពី លោកស្នងការរងទទួលផែនការងារនគរបាលសណ្ដាប់ធ្នាប់ លោកស្នងការរង ទទួលដឹកនាំការិយាល័យជំនាញ លោកនាយ-នាយរងការិយាល័យ និងលោកអធិការរង ទទួលការងារនគរបាលសណ្តាប់ធ្នាប់ ទាំង១៣ក្រុង-ស្រុកផងដែរ។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានជំរុញឱ្យកម្លាំងនគរបាលជំនាញត្រូវបង្កើនការផ្សព្វផ្សាយ អប់រំ និងណែនាំដល់ប្រជាពលរដ្ឋ អ្នកបើកបរ និងអ្នកប្រើប្រាស់ផ្លូវ ឱ្យយល់ដឹង និងចូលរួមគោរពច្បាប់ចរាចរណ៍ ដោយប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវ និងគោរពសិទ្ធិអ្នកដទៃ ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានណែនាំឱ្យមន្ត្រីនគរបាលគ្រប់រូប ត្រូវប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ វិជ្ជាជីវៈ ព្រមទាំងបង្កើនការទទួលខុសត្រូវក្នុងការបំពេញភារកិច្ច ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ សុវត្ថិភាព និងភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលធ្វើដំណើរក្នុងខេត្តសៀមរាប។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ស្នងការ បានជំរុញឱ្យកម្លាំងជំនាញបន្តអនុវត្តការងារដោយសកម្មភាពជាក់ស្តែង មានការសហការល្អ និងត្រូវរាយការណ៍អំពីលទ្ធផលការងារ និងបញ្ហាប្រឈមជាប្រចាំ ដើម្បីមានវិធានការកែលម្អ និងដោះស្រាយបានទាន់ពេលវេលា សំដៅធានាឱ្យការងារសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ក្នុងភូមិសាស្ត្រខេត្តសៀមរាប កាន់តែមានប្រសិទ្ធភាពខ្ពស់៕

Leave a Reply

Your email address will not be published. Required fields are marked *