ពលរដ្ឋរអ៊ូហើយ! ក្រុមអ្នកលេងល្បែងជល់មាន់និងអាប៉ោងនៅស្រុកជីក្រែងរត់ម្តងជាពីរដងបីដង រត់ចុះរត់ឡើងខ្ទេចស្រូវអង្ករពួកគាត់អស់ហើយ ម៉េចបាននៅគោឃ្លើនមិនរាងចាល តើលោកអធិការស្រុកជីក្រែងទុកឲ្យពួកគាត់រត់ដល់ណាទៀត?

សៀមរាប៖មហាជនបាននាំគ្នាងើងឆ្ងល់ជាខ្លាំងថា តើក្រុមអ្នកលេងល្បែងជល់មាន់និងអាប៉ោង ហ៊ាននាំគ្នាប្រមូលផ្ដុំលេងបានដោយសេរី រាល់ថ្ងៃសុក្រសៅរ៍អាទិត្យ ក្នុងមួយសប្តាហ៍លេងបីថ្ងៃ បានដោយរលូន ស្រែកហូរកញ្ជ្រៀវលាន់លឺរំពង ចំណែកមន្ត្រីអាជ្ញាធរពាក់ព័ន្ធ នៅក្នុងមូលដ្ឋានឲ្យតែសួរមិនដែលឆ្លើយថាដឹងនោះទេ.! ខណៈល្បែងស៊ីសងជល់មាន់និងអាប៉ោងមួយនេះបានកើតមាននៅក្នុងមូលដ្ឋានស្រុកជីក្រែងក្លាយទៅជាជំងឺរ៉ាំរ៉ៃទៅហើយនោះ ។

 

ជាក់ស្ដែងនៅរសៀលថ្ងៃទី ២ ខែកក្កដាឆ្នាំ ២០២៦ នេះ បន្ទាប់ពីអ្នកសារព័ត៌មានយើងទទួលព័ត៌មានបានពីប្រជាពលរដ្ឋ ថាមានល្បែងស៊ីសងជល់មាន់និងអាប៉ោង បើកលេងក្នុងមួយសប្តាហ៍បីថ្ងៃ គិតចាប់ពីថ្ងៃសុក្រសៅរ៍អាទិត្យ លេងនៅចំណុចទួលមួយកន្លែង ក្បែរវត្តកណ្ដាល ស្ថិតនៅក្នុងភូមិបេង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ដែលកំពុងបង្ក ផលប៉ះពាល់សន្តិសុខសង្គមដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅរកស៊ីប្រកបមុខរបរសុចរិត ព្រោះល្បែងស៊ីសងមួយនេះម្ចាស់ទីតាំងឈ្មោះ(សល់)បានអះអាងថាមានមនុស្ស 4 ទៅ 5 នាក់ បានដាក់ភាគហ៊ុន ហើយមុននឹងលេង ក៏បានជម្រាបជូនអាជ្ញាធរបានជ្រាបហើយដែរ តែមិនបានបញ្ជាក់ថាអាជ្ញាធររូបណានោះឡើយ។

ក្រោយអ្នកសារព័ត៌មានយើងបានចុះទៅដល់ទីតាំងបានរាយការណ៍ជូនលោកមេប៉ុស្តិ៍ឃុំជីក្រែង លោកចុះមកម្នាក់ឯងស្លៀកស៊ីវិលនិងប្រជាការពារពីរនាក់ បានត្រឹមតែដើរអឺតក៏មើល ក្រុមអ្នកលេងល្បែងជល់មាន់និងអាប៉ោង រត់ប្រសេចប្រសាច ខ្ចាយទឹកព្រាតព្រោង ពេញវាលស្រែ តែមិនដឹងថាត្រូវធ្វើយ៉ាងម៉េចព្រោះមិនមានកម្លាំងគ្រប់គ្រាន់សម្រាប់ធ្វើការបង្ក្រាប មូលហេតុដោយសារកម្លាំងប៉ុស្តិ៍ទាំងអស់ជាប់រវល់។ តែនៅក្នុងនោះលោកបានបញ្ជាក់ថាសៃវៀនជល់មាន់និងម៉ូតូ 4 គ្រឿងដែលក្រុមអ្នកលេងល្បែងរត់ចោលនោះ ចាំឆ្លងយោបល់បទបញ្ជារបស់មេសិន ថានឹងត្រូវចាត់ការយ៉ាងណាបន្តនោះ ចំណែករបាយការណ៍ចង់ដឹងច្បាស់ទាក់ទងសួរមេចុះ ហើយចំពោះការចោទប្រកាន់ ពីម្ចាស់ទីតាំងបើកល្បែងស៊ីសងជល់មាន់និងអាប៉ោង ថាបានប្រាប់អាជ្ញាធរនោះលោកមេប៉ុស្តិ៍ឃុំជីក្រែង លោកបានបរិសេធថាមិនបានដឹងអីនោះទេ។

ទទឹមនោះដែរក៏លេចធ្លាយអ្នកសារព័ត៌មានម្នាក់បានចេញមុខមកអះអាងថាខ្លួនមានភាគហ៊ុន 3 ហ៊ុន នៅក្នុងវង់ល្បែងស៊ីសងខាងលើ ហើយក៏អះអាងថា យ៉ាងហោចគ្រាន់តែរត់ពីទីតាំងមួយកន្លែងប្ដូរទៅលេងទីតាំងមួយកន្លែងទៀតតែប៉ុណ្ណោះ លើសពីនោះអ្នកណាចង់ធ្វើអីធ្វើទៅ។ ជុំវិញការលើកឡើងអ្នកកាសែតរូបនេះ អង្គភាពយើងនៅមិនទាន់ដឹងអត្តសញ្ញាណច្បាស់ថាបុគ្គលរូបនេះមានឈ្មោះអីហើយកាសែតខាងណានៅឡើយនោះទេ តែទោះជាយ៉ាងណាអង្គភាពយើងនិងបន្តស្រាវជ្រាវដើម្បីរកអត្តសញ្ញាណអ្នកកាសែតរូបនេះដើម្បីផ្សាយជាលើកទី 2 ជូនប្រិយមិត្តមហាជនបានដឹងលំអិតជាព័ត៌មាន។

ពលរដ្ឋនៅក្បែរនោះបានសួរអ្នកព័ត៌មានទាំងអស់សំណើចថាតើពេលណាទើបអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ បោសសំអាតក្រុមអ្នកលេងល្បែងស៊ីសងជល់មាន់និងអាប៉ោងទាំងនេះឱ្យអស់ពីរទឹកដីមូលដ្ឋានភូមិឃុំរបស់ពួកគាត់ ព្រោះកន្លងមកឃើញតែរត់ព្រោងព្រាតកាត់វាលស្រែ ខ្ទេចអស់ស្រូវអង្ករពួកគាត់អស់ហើយ បើនៅតែ ឲ្យរត់ជាបន្តបន្ទាប់យ៉ាងដូច្នេះអញ្ចឹងនោះ។

ករណីល្បែងស៊ីសងជល់មាន់និងអាប៉ោងខាងលើនេះអង្គភាពយើងនៅមិនទាន់បានទទួលរបាយការណ៍លម្អិតពីមន្ត្រីប៉ុស្តិ៍និងលោកអធិការស្រុកជីក្រែងបាននៅឡើយមកទល់ម៉ោងចេញផ្សាយនេះ តែទោះជាយ៉ាងណាពលរដ្ឋនៅតែទទួចស្នើសុំដល់លោកឧត្តមសេនីយ៍ទោ ហ៊ួត សុធី ស្នងការខេត្តសៀមរាប ចាត់វិធានការផងទានកុំទុកឱ្យពួកគាត់រត់កាត់វាលស្រែប្រជាពលរដ្ឋដដែលៗខ្ទេចស្រូវអង្ករពួកគាត់អស់ហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *