ពលរដ្ឋក្នុងភូមិពស់ពង ឃុំនរាយណ៍ ស្រុកឈូក ងឿងឆ្ងល់ថា ហេតុអ្វីដីហាមឃាត់របស់រដ្ឋ អ្នកមានលុយនិងជាអ្មកមានមុខមាត់ក្នុងតំបន់ អាជ្ញាធរស្រុកអះអាងថាមានប្លង់រឹង ហើយអាចសង់ឃ្លាំងដ៏សម្បើមជាបន្តបន្ទាប់បាន រីឯប្រជាពលរដ្ឋក្រីក្រតូចតាច អាជ្ញាធរមិនព្រមចេញប្លង់កម្មសិទ្ធិអោយពួកគាត់ ?

ខេត្តកំពត : ផ្សាយចេញពីអង្គភាពសារព័ត៌មាន ថ្មីៗប៉ុស្តិ៍ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ វគ្គ១

អតីតដីសកលវិទ្យាល័យភូមិន្ទ តាកែវ កំពត ដែលមានទីតាំងស្ថិតនៅក្នុងភូមិពស់ពង ឃុំនរាយណ៍ ស្រុកឈូកខេត្តកំពត បច្ចុប្បន្នត្រូវបានរក្សារទុកជាសម្បត្តិរដ្ឋាភិបាល មិនត្រូវបានអនុញ្ញាតឱ្យអាជ្ញាធរ ថ្នាក់ក្រោមជាតិធ្វើការកាត់ឆ្វៀល រឺ ចេញប្លង់កម្មសិទ្ធិអោយទៅឯកជនណាកាន់កាប់បានឡើយ ពោលគឺរដ្ឋាភិបាលបានបន្តរក្សាទុកជាសម្បត្តិរដ្ឋ និង ប្រគល់ដីទាំងនោះអោយទៅខាងរដ្ឋបាលព្រៃឈើ ជាអ្នកគ្រប់គ្រងថែរក្សា

យោងតាមប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំនរាយណ៍ ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញអត្តសញ្ញាណ្ណ បានប្រាប់អង្គភាពយើងអោយដឹងថា ទីតាំងដីខាងលើ គឺជាដីអតីតសកលវិទ្យាលយ័ ភូមិន្ទតាកែវកំពត នៅក្រោយសម័យចប់សង្គ្រាម ពួកគាត់ដែលជាប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ ក៏បាននាំគ្នា កាប់ឆ្កាព្រៃដើម្បីដាំដំណាំបន្លែបង្ការធ្វើស្រែចំការជាដើម បើគិតមកដល់បច្ចុប្បន្ន មានរយៈពេលរាប់សិបឆ្នាំមកហើយ ក៏អាជ្ញាធរមិនព្រមវាស់វែង ធ្វើប័ណ្ណកម្មសិទ្ធិអោយពួកគាត់ឡើយ ប៉ុន្តែហេតុអ្វីថ្មីៗនេះ បែរមានបុគ្គលមួយរូប ដែលមានឈ្មោះ កើត ជួន មានតួនាទីមួយនៅក្នុងឃុំនរាយណ៍ និងជាមនុស្សមានលុយ មានអំណាចក្នុងតំបន់នោះផង បានសាងសង់ឃ្លាំងធ្វើជារោងចក្រ ដាក់ជួលអោយជនជាតិចិន ដោយឈ្មោះ កើត ជួន រូបនេះបាននិយាយថា ខ្លួនសង់លើដីមានប្លង់រឹងស្របច្បាប់ មិនបានសង់លើដីរដ្ឋអ្វីឡើយ ក្រោយៗមកក៏ឃើញសង់ជាបន្តបន្ទាប់ រហូតដល់ទៅ៣ ខ្នងជាប់ៗគ្នា ពង្រីកលើផ្ទៃដីកាន់តែធំ

 

    ប្រភពដដែលបានបន្តទៀតថា ពួកគាត់មិនបានដឹងច្បាស់ឡើយថា ឃ្លាំងដែលសង់ទាំងចាស់ទាំងថ្មីនេះ មិនដឹងថា គេសង់លើដីមានច្បាប់រឺ យ៉ាងណាទេ ព្រោះពួកគាត់ជាពលរដ្ឋ ក្រីក្រតូចតាច បានត្រឹមតែលឺគេថា ដីគេមានប្លង់ គេចង់សង់អ្វីក៏ជារឿងរបស់គេ ទើបពួកគាត់មិនហ៊ានមាត់ក បានត្រឹមតែនាំគ្នាឆ្ងល់ទាំងហួសចិត្ត ថាចូលកាន់កាប់អាស្រ័យផលលើដីក្នុងតំបន់តែមួយ តែបែរជាអ្នកមានលុយមានអំណាចទទួលបានប្លង់ រឺ ឯអ្នកក្រអត់លុយ បានត្រឹមហួសចិត្ត និង មិនហ៊ានសង់អ្វីផ្ដេសផ្ដាស់លើដីដែលខ្លួនកាន់កាប់រាប់សិបឆ្នាំ សូម្បីតែដាំដំណាំដើមឈើហូបផ្លែធំៗ ក៏មិនហ៊ានព្រោះខ្លាចរដ្ឋដកហូត

ក្រោយទទួលបានព័ត៌មាន ជុំវិញករណីខាងលើ ក្រុមការងារអង្គភាពយើង ក៏បានធ្វើការទំនាក់ទំនងទៅលោក អ៊ុក កែវ មេឃុំនរាយណ៍ តាមរយៈលេខទូរស័ព្ទ លោកបានប្រាប់មកកាន់អង្គភាពយើងថា រឿងការសង់ឃ្លាំងរោងចក្រ របស់លោក កើត ជួន ចំពោះទីតាំងឃ្លាំងចាស់ លោកបានដឹងត្រឹមថា ដីគេមានប្លង់ ប៉ុន្តែដល់ពេលគេសង់ថ្មីបន្ថែមទៀត លោកមិនបានដឹងច្បាស់ទេ ថាដីដែលគេសង់នុងមានប្លង់រឺអត់ លោកបានអោយយើងសាកសួរទៅស្រុកទើបច្បាស់ ព្រោះដីទាំងនោះស្រុកជាអ្នកចាត់ចែង។

លោក សៅ មឿន អភិបាលនៃគណៈអភិបាលស្រុកឈូក អង្គភាពយើង បានធ្វើការទំនាក់ទំនងសាកសួរព័ត៌មានលោកតាមរយៈប្រព័ន្ធតេឡេក្រាម លោកបានប្រាប់ថា បើចង់ដឹងព័ត៌មានច្បាស់អោយមកសាលាស្រុកជួបរដ្ឋបាលស្រុក ទើបនៅរសៀលថ្ងៃទី២៧ ខែកក្កដា នេះក្រុមការងារអង្គភាពយើងបានធ្វើដំណើរ ទៅកាន់សាលាស្រុកឈូក ជួបជាមួយលោក ទូច សុីណា នាយករដ្ឋបាលស្រុកឈូក លោកបានបង្ហាញនូវឯកសារមួយចំនួន ដើម្បីអោយក្រុមការងារអង្គភាពយើងបានមើលឃើញ តែលោកនាយកមិនបានប្រគល់ អោយក្រុមការងារអង្គភាពយើងកាន់មើលពិនិត្យអោយបានច្បាស់ និង ថតរូបទុកឡើយ ដោយហេតុផល ចាំសុំការអនុញ្ញាតពីលោកអភិបាលស្រុកសិន។ នៅពេលដែលក្រុមការងារអង្គភាពយើងសួរនាំ លោកនាយករដ្ឋបាលស្រុក ថាតើផ្ទៃដីដែល អាជ្ញាធរសម្រេចចេញប័ណ្ណកម្មសិទ្ធិ អោយចំនួន៣បណ្ណ័និង មានផ្ទៃដីសរុបប៉ុន្មាន? ថ្ងៃខែដែលចេញបណ្ណ័? គឺលោកមិនបានឆ្លើយតប និងសំណួររបស់អ្នកសារព័ត៌មានយើងអោយបានច្បាស់លាស់ឡើយ ពោលគឺសូម្បីតែការបង្ហាញឯកសារ ក៏លោកនាយករដ្ឋបាលហាក់ដូចជា បង្ហាញលក្ខណៈ បញ្ឆិតបញ្ឆៀង គឺ គ្រាន់តែកាន់បង្ហាញបង្រ្គប់កិច្ច ព្រោះថាក្នុងអត្ថន័យដែលចារលើ ឯកសារទាំងនោះ ក្រុមអ្នកសារព័ត៌មានយើង មិនបានមើលលម្អិត និង ពិនិត្យច្បាស់ រឺសូម្បីតែកាន់ ។

ដោយរង់ចាំកាលឆ្លើយតបយូរពីសំណាក់លោកនាយករដ្ឋបាលស្រុក ទើបនៅរសៀលថ្ងៃទី២៨ ខែកក្កដា ដដែលអង្គភាពយើង ក៏បានធ្វើការទំនាក់ទំនងជាមួយលោក សៅ មឿន អភិបាលស្រុកឈូក តាមប្រព័ន្ធតេឡេក្រាមដដែល ដើម្បីស្នើរសុំរូបភាពឯកសារពាក់ពន្ធ័ ដើម្បីយកមកធ្វើការដាក់ផ្សព្វផ្សាយ ជាសាធារណៈ ជូនមហាជនបានឃើញ ជៀសវាងមានការភាន់ច្រឡំ ចោទប្រកាន់លើអាជ្ញាធរ និង ម្ចាស់ទីតាំងដែលបានសង់ឃ្លាំង ថាសង់លើដីរដ្ឋ ប៉ុន្តែត្រូវបានលោកអភិបាលស្រុកឈូក បដិសេធ ដោយហេតុផល រក្សាសិទ្ធិជូនម្ចាស់របស់ឯកសារ។

ជុំវិញករណីរឿងរ៉ាវដីធ្លីនេះដែរ ក្រុមការងារយើងក៏បានធ្វើការទំនាក់ទំនងទៅកាន់លោក ង៉ាន់ ធារិទ្ធ អភិបាលរងខេត្តកំពត ទទួលបន្ទុកផ្នែកដីធ្លី តាមរយៈប្រព័ន្ធតេឡេក្រាមលោកចូល តែមិនឆ្លើយតបរហូតមកដល់ម៉ោងចេញផ្សាយនេះ ។ យោងតាមប្រភពបានរាយការណ៍បន្ថែមថា ទីតាំងខាងលើ គេនឹងមានគម្រោងបន្តសាងសង់ឃ្លាំង ជាបន្តបន្ទាប់ទៀត ក្នុងរូបភាពទិញដីពីប្រជាពលរដ្ឋដែលរស់នៅ និង អាស្រ័យផល លើដីដែលការពារគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ និងជាដីដែលត្រូវបានហាមឃាត់ចំពោះការចេញប្លង់កម្មសិទ្ធិ ប៉ុន្តែពេលនេះអ្វីដែលកើតមានលើទីតាំងដីក្នុងតំបន់នោះ គឺមានបុគ្គលមានលុយ កំពុងកាន់កាប់ សាងសង់អាគារឃ្លាំងរោងចក្រ ជួលអោយក្រុមថៅកែចិន យកលុយដាក់ហោប៉ៅ

និង កំពុងប្រើប្រាស់ឥទ្ធិពលទឹកប្រាក់របស់ខ្លួន បន្តលេបយកដីសម្បត្តិរបស់រដ្ឋ បន្តិចម្តងៗក្នុងរូបភាព ទិញលក់ពីប្រជាពលរដ្ឋ ដែលរស់នៅនិង អាស្រ័យផល លើទីតាំងដីហាមឃាត់ ។ហើយអោយអាជ្ញាធរ ចេញលិខិតកាន់កាប់អចលនវត្ថុ ដោយអះអាងថាជាដីស្របច្បាប់ ដែលឈ្មោះ កើត ជួន ទិញពីប្រជាពលរដ្ឋ និង ចេញប្លង់រឹងអោយតែម្ដង ។

 

ប្រជាពលរដ្ឋក្នុងឃុំនរាយណ៍ ជាច្រើននាក់ បានសំណូមពរដល់ថ្នាក់ដឹកនាំ សូមមេត្តាពិនិត្យមើលករណីនេះផង បើមិនមានការទប់ស្កាត់ទេ ដីដែលជាកម្មសិទ្ធិសម្បត្តិរបស់រដ្ឋ និង ប្រែក្លាយជាដីកម្មសិទ្ធិឯកជន តាមរយៈរូបភាពកន្ទេលធំបន្លំដេក ពីសំណាក់បុគ្គលមានលុយ មានឥទ្ធិពល។

 

អង្គភាពយើងធ្វើការផ្សព្វផ្សាយព័ត៌មានខាងលើនេះ យោងទៅតាមប្រភពដែលទទួលបាន និងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម តែប៉ុណ្ណោះ ដើម្បីបង្ហាញជូនសាធារណៈជន ក៏ដូចជាប្រមុខថ្នាក់ដឹកនាំ លោកទទួលជ្រាបជាព័ត៌មាន មិនមានចេតនាណាមួយ បង្កអោយមានការរើសអើងញុះញ៉ុង និងរារាំងដល់ការអភិវឌ្ឍន៍នានានៅក្នុងមូលដ្ឋានស្រុកឈូក និង ខេត្តកំពត ទាំងមូលនោះឡើយ ។

អង្គភាពយើងខ្ញុំ និងរង់ចាំការឆ្លើយតបបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធ ទៅនឹងករណីខាងលើ តាមរបបស្ដីពីច្បាប់សារព័ត៌មាននៅកម្ពុជា រៀងរាល់ម៉ោងធ្វើការ សូមអរគុណ…! រាយការណ៍ដោយ៖រ៉ា សីហា

Leave a Reply

Your email address will not be published. Required fields are marked *